(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានសហការរៀបចំកិច្ចពិភាក្សាស្តីពី «គោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (Rooftop Solar) នៅកម្ពុជា» សម្រាប់វិស័យឯកជន។

លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី ដឹកនាំអនុប្រធាន សមាជិក សមាជិកា សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ចូលរួមជាមួយមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងអគ្គិសនីកម្ពុជា (EDC) តំណាងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យលើដំបូល។ អ្នកចូលរួមសរុបប្រមាណ ៣៥០នាក់ ដោយមានទាំងការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។



កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ៗ រួមមាន៖
១. លើកកម្ពស់ការយល់ដឹង អំពីគោលការណ៍ បទប្បញ្ញត្តិ លក្ខខណ្ឌ និងនីតិវិធីបច្ចេកទេសដែលពាក់ព័ន្ធនឹងការដំឡើង និងប្រើប្រាស់ប្រព័ន្ធ Rooftop Solar នៅកម្ពុជា។
២. ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម តាមរយៈការផ្តល់ឱកាសឱ្យវិស័យឯកជនលើកឡើងនូវសំណួរ បញ្ហាប្រឈម និងសំណូមពរដែលបានជួបប្រទះក្នុងការអនុវត្ត ដើម្បីទទួលបានការបកស្រាយ និងដំណោះស្រាយពីអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងឱកាសនោះ ឧកញ៉ា ជីប យុទ្ធារី បានមានប្រសាសន៍ស្នើអាជ្ញាធរអគ្គិសនីអោយមានប្រព័ន្ធលេខទូរស័ព្ទ Hotline ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទាក់ទងសួរនូវរាល់ចម្ងល់ និងមានភាពឆាប់រហ័ស។ លោកជំទាវ ឧកញ៉ា ក៏ស្នើសុំអជ្ញាធរអគ្គិសនីកម្ពុជាកាត់បន្ថយការិយាធិបតេយ្យក្នុងការស្នើសុំអាជ្ញារប័ណ្ណបើកស្ថានីយ៍សឡាផងដែរ។
ជាមួយគ្នានេះ វិស័យឯកជននៅតែមានសំណួរ និងប្រឈមមួយចំនួនពាក់ព័ន្ធនឹងគោលការណ៍ណែនាំ បទដ្ឋានបច្ចេកទេស ព្រមទាំងលក្ខខណ្ឌ និងនីតិវិធីក្នុងការស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធ Rooftop Solar។ ដូច្នេះ កិច្ចពិភាក្សានេះបានក្លាយជាវេទិកាសំខាន់មួយសម្រាប់ការផ្លាស់ប្តូរយោបល់ បង្កើនការយល់ដឹង និងពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។
ឧកញ៉ា ជីប យុទ្ធារី ក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកានៃសមាគមន៍ទាំងអស់បន្តចូលរួម និងសហការក្នុងការពង្រឹងយន្តការក្រុមការងារនៃវេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF)។ តាមរយៈយន្តការនេះ សភាពាណិជ្ជកម្មកម្ពុជាអាចដើរតួនាទីជាច្រកសម្របសម្រួលក្នុងការប្រមូលធាតុចូល បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
តាមការបញ្ជាក់របស់មន្ត្រីជំនាញនៃអាជ្ញាធរអគ្គិសនីកម្ពុជា ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) គឺជាប្រព័ន្ធផលិតថាមពលពន្លឺព្រះអាទិត្យដែលដំឡើងនៅក្រោយនាឡិកាស្ទង់ និងស្ថិតនៅក្នុងទីតាំងរបស់អ្នកប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ថាមពលសម្រាប់ការប្រើប្រាស់អគ្គិសនីរបស់អ្នកប្រើប្រាស់។ ប្រព័ន្ធនេះអាចត្រូវបានដំឡើងនៅលើដី ឬលើដំបូល។



ប្រព័ន្ធ Rooftop Solar ត្រូវបានចែកចេញជា ២ប្រភេទ៖
ប្រភេទទី១ គឺប្រព័ន្ធដែលបម្រើដល់ទីតាំងប្រើប្រាស់អគ្គិសនីដែលមិនភ្ជាប់ជាមួយបណ្តាញផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ។ សម្រាប់ប្រព័ន្ធប្រភេទនេះ មិនតម្រូវឱ្យស្នើសុំការអនុញ្ញាត មិនតម្រូវឱ្យជូនដំណឹង និងមិនតម្រូវឱ្យបង់ថ្លៃប៉ះប៉ូវឡើយ។
ប្រភេទទី២ គឺប្រព័ន្ធដែលបម្រើដល់ទីតាំងប្រើប្រាស់អគ្គិសនីដែលមានការតភ្ជាប់ជាមួយបណ្តាញផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ ដោយពាក់ព័ន្ធនឹងប្រព័ន្ធ Synchronization, ATS និង MTS។
កិច្ចពិភាក្សាបានបញ្ចប់នៅវេលាម៉ោង ១៣:០០នាទី នាថ្ងៃដដែល ប្រកបដោយបរិយាកាសស្ថាបនា ការយោគយល់គ្នា និងកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កា។








