កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំក្រុមការងារសមាគម ចុះទស្សនកិច្ចនៅរោងចក្រដាប់ប៊ែលយូអិល ស៊ូភើ ស្ដូន ឯ.ក ផលិតថ្មម៉ាប ទីតាំងនៅភូមិ តាំងស្រឹង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ជាជនជាតិចិន ភាគហ៊ុនជប៉ុន ចំពោះថ្មម៉ាបទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន និងអាមេរិក ព្រោះរោងចក្រនេះជារោងចក្រឡើងផ្សារហ៊ុនប្រទេសចិន និងគិតមកដល់ឆ្នាំ២០២៦ ឈរជើងលើទីផ្សារបានចំនួនរយះពេល ៣០ឆ្នាំ ។



ចំពោះគោលបំណងរបស់សមាគមក្នុងដំណើរទស្សនកិច្ចនេះគឺដើម្បីចងភ្ជាប់ដៃគូរអាជីវកម្ម ជួយរកទីផ្សារ និងព្រមទាំងកៀងគរសមាជិកបន្ថែមចូលក្នុងសមាគម។


ក្នុងនោះលោកជំទាវឧកញ៉ា ក្នុងនាមប្រធានសមាគម ក៏បានស្នើដល់ខាងភាគីរោងចក្រជួយបណ្ដុះបណ្ដាលបុគ្គលិក ជាកម្មករខ្មែរបន្ថែមទៀត និងឱ្យក្លាយជាបុគ្គលិកជំនាញ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុករបស់កម្មករខ្មែរទៅរកការងារនៅក្រៅប្រទេស និងកាត់បន្ថយការយកបុគ្គលិកជំនាញបរទេសចូល បន្ថែមពីនេះ លោកជំទាវ ស្នើអោយផ្តោតលើសុវត្តិភាព និងសុខមាលភាពក្នុងកន្លែងការងារ។
ជាចុងក្រោយ ភាគីខាងរោងចក្រ ក៏បានសហកាជាមួយសមាគម និងបានទទួលយកសំណើផ្សេងៗ ដោយភាពស្និតស្នាល និងកក់ក្ដៅបំផុត។

